ការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនៅលើហ្វេសប៊ុកនៅប្រទេសកម្ពុជា ស្លាប់បាត់ហើយ!
26 Oct 2017

ការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនៅលើហ្វេសប៊ុកនៅប្រទេសកម្ពុជា ស្លាប់បាត់ហើយ!

តើអ្នកគ្រប់គ្រងសហគមន៍ (Community manager) របស់អ្នកបានប្រាប់អ្នកទេថា ការផ្សព្វផ្សាយរបស់អ្នកនៅលើហ្វេសប៊ុកលែងមានអ្នកមើលមួយរយៈពេលមកហើយ? នេះជាអ្វីដែលខ្ញុំបានសង្កេតឃើញនាពេលថ្មីៗនេះ នៅលើផេកដែលខ្ញុំគ្រប់គ្រង។

26 Oct 2017

តើអ្នកគ្រប់គ្រងសហគមន៍ (Community manager) របស់អ្នកបានប្រាប់អ្នកទេថា ការផ្សព្វផ្សាយរបស់អ្នកនៅលើហ្វេសប៊ុកលែងមានអ្នកមើលមួយរយៈពេលមកហើយ?

នេះជាអ្វីដែលខ្ញុំបានសង្កេតឃើញនាពេលថ្មីៗនេះ នៅលើផេកដែលខ្ញុំគ្រប់គ្រង។ វាប្រហែលជាដូចគ្នាដែរ សម្រាប់ការផ្សព្វផ្សាយ នៅក្នុងផេកក្រុម លើកលែងតែអ្នកមានមិត្តច្រើនដែលផ្សព្វផ្សាយនៅក្នុងក្រុមទាំងនោះ។

តើមានអ្វីកើតឡើងឲ្យពិតប្រាកដទៅ?

ការផ្សព្វផ្សាយផេកដែលជាទូទៅជាការផ្សព្វផ្សាយពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក ទីកន្លែងដែលអ្នកប្រកាសការផ្សព្វផ្សាយរបស់អ្នក ភាពជោគជ័យរបស់អ្នក សកម្មភាពអាជីវកម្មរបស់អ្នក ដំណឹងជ្រើសរើសបុគ្គលិករបស់អ្នក វីដេអូរបស់អ្នក រាល់ការផ្សព្វផ្សាយរបស់អ្នកអស់ទាំងនេះបានបាត់ពីថាមឡាញរបស់អ្នកប្រើប្រាស់ដែលតាមពិតបានចុចឡាច (Like) ផេករបស់អ្នករួចហើយ។ អាក្រក់ជាងនេះទៅទៀតនោះ គឺថាសូម្បីតែអ្នកគាំទ្រ របស់អ្នកដែលបានស្នើសុំមើលការផ្សព្វផ្សាយរបស់អ្នកជាអាទិភាពនោះ ក៏លែង មើលឃើញការផ្សព្វផ្សាយរបស់អ្នកទៀតដែរ! សូមធ្វើតេស្តសាកមើលទៅ! ការប្តូរភាពអាចមើលឃើញនៃផេកណាមួយដែលអ្នកចូលចិត្តទៅជា “ឃើញមុនគេ (See first)” នឹងមិនមានការផ្លាស់ប្តូរអ្វីទាល់តែសោះនៅក្នុងថាមឡាញរបស់អ្នក។

រាល់ការផ្សព្វផ្សាយនៅលើផេកវិជ្ជាជីវៈរបស់អ្នក ដោយមានការដាក់កំហិតជាធម្មតាលើភាពអាចមើលឃើញ ពេលនេះត្រូវបានប្រមូលផ្តុំនៅក្នុងជួរមួយផ្សេងទៀតគឺ៖ “Explore Feed”។
បញ្ហាគឺថានៅប្រទេសកម្ពុជា អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនចូលក្នុងហ្វេសប៊ុកតាមរយៈកម្មវិធីលើទូរសព្ទរបស់ពួកគេ។ ពួកគេមិនទាំងដឹងថាមាន Explore Feed ផង។ ពួកគេគិតតែពីទាញចុះឡើងនៅលើថាមឡាញដែលពួកគេចូលទៅដល់ នៅពេលបើកកម្មវិធីនោះ ហើយនេះជារឿងធម្មតា។

តើវាធ្ងន់ធ្ងរដែរឬទេលោកវេជ្ជបណ្ឌិត?

ប្រាកដណាស់ វាធ្ងន់ធ្ងរ។ វាពិតជាធ្ងន់ធ្ងរណាស់។ ថាមឡាញ គឺជាអ្វីតែមួយគត់ដែលអ្នកប្រើប្រាស់មើល។ ប្រសិនបើអ្នកមិននៅលើថាមឡាញទៀតទេ នេះមានន័យថាការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកក្លាយជាមើលលែងឃើញហើយ។

តើអ្នកអាចមានភាពប្រាកដប្រជាបានដោយរបៀបណា?

ព្រោះថាអស់មួយរយៈពេលមកហើយ ជាពិសេសពីរបីថ្ងៃមកនេះ ខ្ញុំបានសង្កេតឃើញមានការធ្លាក់ចុះមិនប្រក្រតីនូវភាពអាចមើលឃើញនៃការផ្សព្វផ្សាយនៅក្នុងផេកដែលខ្ញុំជាអ្នកគ្រប់គ្រង។ ឧទាហរណ៍សម្រាប់ការប្រកាសផ្សាយ ដែលមាន លក្ខណ: ស្រដៀងគ្នា៖
ថ្ងៃទី20 ខែមិថុនា ឆ្នាំ2017៖ មើល 13 834 ដង។
ថ្ងៃទី20 ខែមិថុនា ឆ្នាំ2017៖ មើល 14 190 ដង។
ថ្ងៃទី02 ខែកក្កដា ឆ្នាំ2017៖ មើល 14 390 ដង។
ថ្ងៃទី13 ខែកក្កដា ឆ្នាំ2017៖ មើល 9 936 ដង។
ថ្ងៃទី13 ខែកក្កដា ឆ្នាំ2017៖ មើល 8 757 ដង។
ថ្ងៃទី01 ខែសីហា ឆ្នាំ2017៖ មើល 679 ដង។
ថ្ងៃទី07 ខែតុលា៖ មើល 67 ដង។
ថ្ងៃទី07 ខែតុលា៖ មើល 61 ដង។
បញ្ហានេះមិនមានលក្ខណៈវិទ្យាសាស្រ្តទាល់តែសោះ ហើយដូច្នេះ វាមិនអាចបញ្ជាក់អ្វីទាល់តែសោះ។ ប៉ុន្តែ ដោយហេតុថា បញ្ហានេះមិនមែនកើតឡើងតែនៅប្រទេសកម្ពុជានោះ វាក៏បានចាប់ផ្តើមបង្កការជ្រួលច្របល់ដល់អ្នកគ្រប់គ្រងសហគមន៍នៅប្រទេសផ្សេងទៀត ដែលបានផ្សព្វផ្សាយការវិភាគ និងស្ថិតិផ្សេងៗ។ ឧទាហរណ៍ សូមមើលអត្ថបទនៅទីនេះ៖
 https://medium.com/@filip_struharik/biggest-drop-in-organic-reach-weve-ever-seen-b2239323413
ដោយត្រូវបានគេចាប់បានស្រស់ៗបែបនេះ ហ្វេសប៊ុកក៏បានចេញសេចក្តីប្រកាសផ្លូវការមួយដែលទទួលស្គាល់អ្វីដែលខ្ញុំទើបតែពន្យល់។ វានៅទីនេះ៖ https://media.fb.com/2017/10/23/clarifying-recent-tests/

ហេតុអ្វីបានជាការធ្វើតេស្តសាកល្បងនេះកើតឡើងនៅប្រទេសកម្ពុជា?

វាជារឿងចៃដន្យដ៏គួរឲ្យឆ្ងល់ ដោយរឿងនេះកើតឡើង នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានភាពតានតឹង។ តើវាមិនគួរឲ្យភ្ញាក់ផ្អើលទេឬ?
“ការធ្វើតេស្តសាកល្បង” ប្រភេទនេះប្រហែលជាអាចមានផលប៉ះពាល់អវិជ្ជមាន មកលើវិស័យសេដ្ឋកិច្ចកម្ពុជា។
អាជីវកម្មជាច្រើននៅទីនេះពឹងផ្អែកលើភាពអាចមើលឃើញនៅលើហ្វេសប៊ុក។ មនុស្សគ្រប់គ្នាសុទ្ធតែបានស្គាល់ពាក្យស្លោកនៅប្រទេសកម្ពុជាដែលថា៖ “ប្រសិនបើអាជីវកម្មរបស់អ្នកមិនមាននៅលើហ្វេសប៊ុកទេ នោះមានន័យថាអាជីវកម្ម របស់អ្នកមិនមាននោះឡើយ។” ម្យ៉ាងទៀត ខ្មែរៗដែលជាអ្នកប្រើអ៊ីនធឺណែតភាគច្រើនប្រើប្រាស់ហ្វេសប៊ុកនៅលើទូរសព្ទចល័ត។
ដូច្នេះ វាជាដំណឹងអាក្រក់ដោយហ្វេសប៊ុកទើបតែបិទស្ទើរតែទាំងស្រុងនូវរាល់ការផ្សព្វផ្សាយអាជីវកម្មនៅប្រទេសកម្ពុជា។

តើត្រូវធ្វើដូចម្តេចទៅ?

1. តវ៉ា
ដោយរបៀបណា ខ្ញុំមិនទាន់ដឹងទេ។ ប៉ុន្តែវាគួរតែចាំបាច់ត្រូវធ្វើ។ សូមស្វាគមន៍រាល់គំនិតយោបល់។

2. បង់ប្រាក់ដើម្បីឲ្យគេមើលឃើញ។
ប៉ុន្តែ វាក៏មិនមែនជាដំណឹងល្អដែរ ដោយហេតុថាលទ្ធផលមិនល្អដូចមុននោះទេ។
ជាថ្មីម្តងទៀត ការវិភាគរបស់ខ្ញុំត្រូវបានធ្វើឡើងដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ដែលមិនមានលក្ខណៈវិទ្យាសាស្រ្តអ្វីទាំងអស់។ ដូច្នេះ ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកធ្វើតេស្តសាកល្បងដោយខ្លួនឯងផ្ទាល់។
ថ្មីៗនេះ ខ្ញុំបានចាប់ផ្តើមឡើងវិញនូវយុទ្ធនាការផ្សព្វផ្សាយវីដេអូហ្វេសប៊ុកមួយនៅលើផេកដែលខ្ញុំគ្រប់គ្រង។
បន្ទាប់ពីការផ្សព្វផ្សាយវីដេអូនេះដោយបង់ប្រាក់បានពីរលើករួច វីដេអូនេះបានឈានដល់ចំនួនការមើលច្រើនជាង 1,2 លានដង!
ថ្ងៃទី04 ខែតុលា ខ្ញុំគ្រាន់តែបើកដំណើរការឡើងវិញនូវយុទ្ធនាការដដែលនេះដោយបង្កើនច្រើនជាងមុនបន្តិចនូវគោលដៅជាសក្តានុពលនៃការផ្សព្វផ្សាយ (គម្លាតអាយុត្រូវបានពង្រីក)។ ទោះបីជាចំនួនគោលដៅនៃការផ្សព្វផ្សាយមានកម្រិតច្រើនជាងមុនក៏ដោយ ប៉ុន្តែលទ្ធផលមិនល្អទាល់តែសោះ៖ ការមើលធ្លាក់ចុះ 57% ដូច្នេះមានន័យថា ដើម្បីអាចទទួលបានលទ្ធផលដូចកាលពីលើកមុន វាត្រូវការប្រើប្រាស់ប្រាក់បន្ថែម 57% ទៀត។
ឧទាហរណ៍មួយទៀត ការជំរុញការប្រកាសផ្សព្វផ្សាយ (boost) ថ្មីចុងក្រោយគេនេះដែលលទ្ធផលទាក់ទងនឹងចំនួននៃការខិតទៅដល់ (reach) គឺពិតជាទាបណាស់ធៀបនឹងទឹកប្រាក់ដ៏ច្រើនដែលបានប្រើប្រាស់(30 ដុល្លារ) និងតួលេខដែលមានភាពខុសគ្នាឆ្ងាយបំផុត ពោលគឺផលធៀបរវាងការឡាចនិងការខិតទៅដល់ (reach) មានចំនួន 17% ដែលមានកម្រិតខ្ពស់គួរឲ្យចម្លែក។

3. រកមើលជម្រើសផ្សេងទៀតជំនួសហ្វេសប៊ុក
មាន។ ខ្ញុំបានបញ្ឈប់យុទ្ធនាការបច្ចុប្បន្នទាំងអស់នៅលើហ្វេសប៊ុក ហើយខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំ ថាមពលរបស់ខ្ញុំ និងថវិការបស់ខ្ញុំទៅលើ ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ហើយវាក៏ដំណើរការ។ ដរាបណាហ្វេសប៊ុកនៅតែមានបញ្ហានេះ ខ្ញុំនឹងមិនចំណាយពេលវេលា និងប្រាក់របស់ខ្ញុំទៅលើហ្វេសប៊ុកទៀតទេ។ នេះមិនមែនជាការសងសឹករបស់ខ្ញុំទេ តែជាយុទ្ធសាស្រ្តអាជីវកម្មធម្មតា៖
ហ្វេសប៊ុកស្លាប់បាត់ហើយ! តោះទៅរកមើលកន្លែងផ្សេង។

Leave a comment
More Posts
Comments
Comment